នាទីប្រវត្តិសាស្រ្ត “ សិល្បៈខ្មែរសម័យនគរភ្នំ ”

នាទីប្រវត្តិសាស្រ្ត “ សិល្បៈខ្មែរសម័យនគរភ្នំ ”

 

នាទីប្រវត្តិសាស្រ្ត “ សិល្បៈខ្មែរសម័យនគរភ្នំ ”

នាទីប្រវត្តិសាស្រ្ត “ សិល្បៈខ្មែរសម័យនគរភ្នំ ”


Economic

នាទីប្រវត្តិសាស្រ្ត “ សិល្បៈខ្មែរសម័យនគរភ្នំ ”

រចនាបទភ្នំដា ស.វ ទី ៦~៧

សំណង់ស្ថាបត្យកម្មដែលបានកសាងឡើងក្នុងសម័យនគរភ្នំ មិនមាននៅសេសសល់ដល់សព្វថ្ងៃនេះទេ ហើយក៏មិនមានប្រាសាទណាមួយ កំណត់ច្បាស់នូវរចនាភ្នំដាដែរ។ ក្រៅពីប្រាសាទ “K” នៅអុកអែវដែលមានលំនាំដូចប្រាសាទ នៅប្រទេសឥណ្ឌា គេឃើញមានស្លាកស្នាមប្រាសាទបុរាណខ្លះៗ ដែលនៅសេសសល់តែគ្រិះ អំពីដីឥដ្ឋដុតឆ្អិន។ ក្រៅពីនេះ ក្បឿង កំណាត់សសរពេជ្យ និងបង្អួចបញ្ឆោត ដែលមានឆ្លាក់រូបក្បាលមនុស្សទាំងអស់សុទ្ឋសឹងធ្វើអំពី ដីឥដ្ឋដុតឆ្អិន ដែលគេសន្មតថា ជាភស្តុតាងផ្នែកស្ថាបត្យកម្ម ចម្លងតាមសម័យគុប្តៈ(Gupta period) នៃប្រទេសឥណ្ឌា នាចុងស.វ ទី៥។ ឥទ្ឋិពលឥណ្ឌាមកលើអាណាចក្រហ្វូណន ក្នុងសម័យសំណង់ ច្រើនតែជាកន្លែង ដែលគេធ្វើឡើងដើម្បីថ្វាយ និងធ្វើការគោរពបូជា ចំពោះព្រះ ឬអាទិទេពផ្សេងៗ ដែលគេចូលចិត្ត។
នៅឆ្នាំ ១៩៤៤ លោក Henri Mauger បានធ្វើកំណាយនៅអង្គរបូរី ហើយបានប្រទេះឃើញនូវ ស្នាមទីលានមួយដែលសាងអំពីឥដ្ឋ បូជនីយដ្ឋាន និងរូងថ្មជាច្រើននៅភ្នំដា ដែលគេចោះសំរាប់តំកល់ទេវរូប។ នៅចង្កេះភ្នំដា គេឃើញមានរូងថ្មចំនួន៥ សំរាប់បូជាព្រះអាទិទេព។ សព្វថ្ងៃគេតំកល់ពុទ្ឋិបដិមាក្នុងរូងថ្មនោះ។
សម័យភ្នំដានេះស.វ ទី ៦~៧ មានស្ថានីយពីរគឺ ភ្នំដានិង វត្តរំលក ដែលបង្ហាញពីការគោរពសាសនាពីរ នៅក្នុងសម័យតែមួយ គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ឋសាសនា។ សម័យភ្នំដានេះគឺគេគោរពព្រហ្មញ្ញសាសនា លើលទ្ឋិព្រះឥសូវ និង ព្រះនរាយណ៏។ ក៏ប៉ុន្តែមានការគោរពពីព្រះពុទ្ឋសាសនាដែរ។ គេឃើញមានផលិតផល វត្ថុសិល្បះជាព្រះពុទ្ឋរូប នៅតំបន់ជុំវិញអង្គរបូរី ឬជិតគ្នា និងភ្នំដាដូចជាព្រះពុទ្ឋរូប វត្តរំលក ព្រះពុទ្ឋបដិមា មានលក្ខណៈ ទន់ភ្លន់ កាច់ចង្កេះដូចឥណ្ឌា។ ភ្នំដាជាកូនភ្នំមួយ ស្ថិតនៅមិនឆ្ងាយ ប៉ុន្មានពីអង្គរបុរី នៅទីនោះមានប្រាសាទមួយ សាងអំពី ឥដ្ឋ ក្នុងស.វទី១១ រជ្ជកាលព្រះបាទសុរិយវរ័្មនទី១។ នៅជិតនោះមានកូនភ្នំមួយទៀតដែលនៅលើភ្នំនោះមាន ប្រាសាទមួយឈ្មោះ អាស្រមមហាឥសី រាងបួនជ្រុង សាងអំពីថ្ម ប្រាសាទប្រហោង មានលំនាំដូចចេតិយ។ លក្ខណៈប្រាសាទនេះមានភាពស្រដៀងគ្នានិងប្រាសាទនៅប្រទេសឥណ្ឌា។ ប្រសាទនេះប្រហែលជាត្រូវសាងឡើងនៅចុងស.វទី៦ ក្នុងរជ្ជកាលព្រះបាទ ភវវរ័្មនទី១។
បដិមាសម័យហ្វូណនៈ អង្គរបុរីក៏ដូចភ្នំដាដែរ សុទ្ឋតែជាមជ្ឈមណ្ឌលសាសនា។ នៅទីនោះគេរកឃើញ បដិមាសំខាន់ៗជាច្រើន ដែលជាស្នាដៃ សិល្បះក្នុងសម័យហ្វូណន។ គេស្គាល់រចនាបថភ្នំដាដោយសាររូបបដិមា។ រូបបដិមាធំៗដែល បញ្ជាក់អំពីការចាប់ផ្តើមសិល្បះសូន្យរូប នៅសម័យហ្វូណននោះមិនឃើញមាននៅប្រទេស ខ្មែរយើង តែគេដឹងប្រាកដថាមាន ព្រោះឯកសារជាភាសាចិនបានរៀបរាប់អំពីការបញ្ចូលបដិមា ផ្សេងៗទៅកាន់ប្រទេសចិនក្នុងស.វទី៤។
រូបចម្លាក់អំពីថ្មមិនសូវសំបូរប៉ុន្មានទេ ពីព្រោះលំបាកក្នុងការស្វែងរកថ្មភក់។ ចំពោះការឆ្លាក់លោហធាតុ និងចម្លាក់ឈើមាន ការរីកចំរើនខ្លាំងណាស់ បដិមាទាំងនោះ សុទ្ឋសឹងជាស្នាដៃសិល្បះបែបព្រហ្មញ្ញសាសនា តែទន្ទឹមនិងនោះក៏មានបដិមាបែប ពុទ្ឋសាសនាដែរ។ រូបសំណាក់ព្រះពុទ្ឋ ច្រើនជាការចម្លងតាមសិល្បះឥណ្ឌាសុទ្ឋសាធ( រចនាបថ អមរាវតី (Amarawaddi)។ ឧទាហរណ៏ ព្រះពុទ្ឋរូបមកពីវត្តរំលកដែលមានសំលៀក បំពាក់ស្តើងជាប់និងដងខ្លួន។ រូបសំណាក់ទាំងឡាយដែលជាស្នាដៃសិល្បះក្នុងសម័យនគរភ្នំ មានកំណើតក្នុងរាជ្យរបស់ព្រះបាទ រុទ្រវរ័្មន(Rudravarman 514-539?)នៅដើមស.វទី៦។ អ្នកប្រាជ្ញទាំងឡាយបានធ្វើការសិក្សា និងបែងចែកសិល្បះជាពីរចនាបថតូច២ ហើយដែលមានលក្ខណៈខុសគ្នាបន្តិចបន្តួច គឺរចនាបថភ្នំដាA និងរចនាបថភ្នំដាB។

ក/រចនាបថភ្នំដាA

ក្រៅពីរូបព្រះគ្រឹស្ណៈ Krsna មកពីវត្តកោះជិតអង្គរបុរី រូបទាំងឡាយសុទ្ឋតែជារូបតំណាងព្រះ វិស្ណុ ដែលគេយកពីភ្នំដា។
រូបព្រះគ្រឹស្ណៈគោវិថន Krsna govardhana ជារូបចម្លាក់ក្បាចច្រឡោតខ្ពស់ ឆ្លាក់ភ្ជាប់និងផ្ទាំងសិលា ដៃឆ្វេងលើកទ្រភ្នំគោវិថន សិល្បះករបង្ហាញរូបព្រះគ្រឹស្ណៈនៅវ័យក្មេង សក់គួចដូចគូថខ្យង មានកំប៉ោចបី សំពត់រុំព័ទ្ឋចង្កេះ ហើយមានជាយធ្លាក់បញ្ជិត ជារូបដែលមានវ័យចំណាស់ជាងគេ។
រូបព្រះវិស្ណុដៃប្រាំបី ដែលមានឈ្មោះថា កម្ពុជេន្រៈ សាងអំពីថ្មឆ្នូតព៌ណខ្មៅ
រូបព្រះរាម Rama
រូបពលរាម Balarama
រូបបរសុរាម Parasurama
រូបទាំងអស់នេះសុទ្ឋតែមានលំនាំដូចចម្លាក់នៅឥណ្ឌា សម័យក្រោយសន្តតិវង្សគុប្តៈ ក្នុងររចនាបថ អេលូរ៉ា Ellora។ ចម្លាក់ឥណ្ឌាច្រើនជាចម្លាក់ក្បាច់រាប តែចម្លាក់ខ្មែរច្រើនជាចម្លាក់ក្រឡោត ឬឆ្លាក់ជារូបទោល។ ក្នុងផ្នែកបច្ចេកទេស សិល្បះករខ្មែរខាងចម្លាក់ មិនទាន់ចេះរករំណឹង ឆ្លាក់រូបទោល ដោយមានជន្ទល់ដែលមានរាងដូចដែកក្រចកសេះ ឬជាដំបង ឬជាជាយសម្ពត់ឆ្លាក់ដល់ ក្រោមជំនួសជន្ទល់ ឬជារបៀបដូចជាស្នាដែ ដែលភ្ជាប់ដៃខាងលើទៅនិងក្បាល (ចំពោះរូបដែលមានដៃបួន) រូបទាំងនោះមានជំហររាង្គបន្ទន់ចង្កេះតាមលំនាំបដិមាឥណ្ឌា។
លក្ខណៈសំគាល់
ទំរង់មុខមួល
ភ្នែកក្រឡោត
ច្រមុះកោង
ត្របកភ្នែករាងកោងបន្តិច
ផ្នែកសក់រាងក្រវិលខ្លី
ផ្នែកសក់ររាងជាក្រវិលដូចសក់ខ្លែងក្លាយដែលគេពាក់លើក្បាល
នៅលើថ្ងាសមានសក់ធ្លាក់ដូចរំយោល
នៅពីលើសក់អាចមានមួកមូលដូចបំពង់ ឬសក់ក្រងធ្វើជារាង្គម្កុដ។
សំលៀកបំពាក់
សំពត់ខ្លីដែលផ្នត់ចេញពីប្រភពតែមួយ
ជាយសំពត់ញាត់ចូលក្នុងខ្សែក្រវាត់មូលតូចឆ្មា ដែលមានក្បាលមូលជាផ្លែអូលីវ
ពីខាងមុខមានផ្នត់សំយុងចុះក្រោមគ្មានគ្រឿងអលង្កាទេ
ខ/ រចនាបទភ្នំដាB (Style pf Phnom Da)
គឺជាការបន្តររចនាបទ A រូបចម្លាក់ទាំងឡាយមានលក្ខណៈខុសគ្នាបន្តិចបន្តួច។ រូបខ្លះសាងឡើងចុងស.វទី៦។ រូបខ្លះទៀតសាងក្នុងដើមស.វទី៧។ បដិមាសំខាន់គឺរូបព្រះវិស្ណុ មកពីថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ព្រះពុទ្ឋរូបមកពីស្រុកគងពិសី រូបហរិសហៈមកពីភ្នំដា ខេត្តតាកែវ និងរូបវិស្ណុមកពីទួលដៃបូន។
លក្ខណៈសំគាល់ៈ
. មានទឹកមុខញញឹមបន្តិច
. ច្រមុះស្រួចស្តើងហើយត្រង់
. ត្របកភ្នែកប្រហាក់ប្រហែលរចនាបថ A ដែរ
. សក់ដូចគូថខ្យងតែធំបន្តិច
សិល្បៈភ្នំដាបានរីកសុះសាយពីអង្គរបុរី រហូតដល់ជនបទ ដែលសព្វថ្ងៃស្ថិតនៅភូមិភាកខាងត្បូង ក្នុងប្រទេសវៀតណាម។ ផ្នែកបច្ចេកទេសមានការវិវត្តន៍ បន្តិចម្តងៗរូបចម្លាក់មានរាង្គស្តើង ស្មាទូលាយ បន្ទន់ចង្កេះបន្តិចតែនៅមានជន្ទល់ដែរ។
ជួនកាលជន្ទល់មានរាង្គជាបន្ទាត់កោង ឬត្រង់ភ្ជាប់ដៃខាងលើទៅនឹងក្បាល។ គេប្រទេះរូបខ្លះ ធ្វើអំពីកំបោរបាយអរ។
សក់របស់ព្រះវិស្ណុបានរចនាជាថ្នាក់ៗមានរាងសក់រមូរធ្លាក់ចុះ មកក្រោមគ្របលើគញ្ចឹងក។ រចនាបទសក់នេះ ប្រភពដើមពីឥណ្ឌា។ សក់រមូរដែលនៅចន្លោះ ថ្ងាស់និងមួក បំពង់នេះគឺជាលក្ខណៈសំគាល់នៃរូបចម្លាក់ក្នុងសតវត្សទី ៦~៧។
សំពត់ធម្មតាហើយស្លៀកសំយ៉េះមកលើត្រគាក។ សំពត់របស់បុរស តាមធម្មតាគេស្លៀកដោយដាក់ជាយសំពត់ សណ្តូកចន្លោះជើងទាំងពីរ និងញាត់ចូលក្នុងចង្កេះ។

ដកស្រង់ពីសៀវភៅមគ្គុទ្ទេសក៍ទេសចរតំបន់ភ្នំពេញ និងសៀមរាបអង្គរ ឆ្នាំ២០០១ សាស្រ្តចារ្យ លោក ចាន់ ភក្តី។

 

Facebook Comments