ពិធីសីវៈរាត្រី

ហេតុអ្វីបានស្តេចខ្មែរសម័យអង្គរប្រារព្ឋពិធីសីវៈរាត្រី?

ពិធីសីវៈរាត្រីជាពិធីដែលគេរំលឹកដល់រាត្រី ដែលព្រះសីវៈបានអោយកំណើតលោកៈ ទេវលោក មនុស្សលោក និងបាតាលលោក ម៉្យាងទៀតពិធីលាងបាបចង្រៃឧបទ្រពគ្រប់យ៉ាង ដើម្បីអោយមានសិរីសួស្តី ជោគជ័យគ្រប់ប្រការសំរាប់មនុស្សសត្វគ្រប់ឋាន។

នៅប្រទេសឥណ្ឌាគេប្រារព្ឋធ្វើពិធីនេះនៅទន្លេគង្គា ដោយគេយល់ថា មេទឹកស័ក្តិសិទ្ឋិដែលហូរ ចុះចាកឋានសួគ៍សំរាប់លាងជំរះបាបមនុស្សសត្វ។

 

ពិធីនេះពួកព្រាហ្មណ៍នៅនគរពារានសី វេលាយប់នាំគ្នាទៅកាន់ប្រាសាទ ព្រាហ្មណ៍ដែលគេចាត់ទុកថា ជាទេវឋាន ដើម្បីធ្វើកិច្ចសូត្រមន្តចំរើន ភាវនានមស្សការចំពោះទេវរូបព្រះសីវៈ និងសីវៈលិង្គតាមប្រពៃណី រហូតអស់រាត្រី ទៀបភ្លឺ ទើបនាំគ្នាយកក្អមស្ពាន់មួយៗម្នាក់ទៅកាន់ទន្លេគង្គា អង្គុយដងយកមកសូត្រសេក មន្តអាគម គាថា ខ្ពុរមាត់ លប់លាងខ្លួនប្រាណ ហើយចុះងូតទឹកមុជអោយលិចក្បាលអស់វារៈ៣ដង ហើយមុជខ្វះយកដី ឬខ្សាច់បាតទន្លេគង្គា មកដុសលាងខ្លួនប្រាណ និងធ្វើបរិកម្មថាៈ “ព្រះម៉ែគង្គា! ព្រះម៉ែគង្គា!”  ដូចនេះកិច្ចប៉ុណ្ណោះឈ្មោះថា បានជំរះលាងបាបអស់ពីក្ខ័ន្ឋសន្តាន រួចហើយទើបដងទឹកយកមកកាន់ទេវឋានវិញ ដល់ហើយយកទឹកនោះ ទៅស្រោចស្រពសីវលិង្គ ទើបត្រងទឹកដែលហូរចុះតាមទរ នៃបល្ល័ង្កឧមាយោនី យកមកស្រោចក្បាល ស្រឡាបខ្លួនប្រាណ ផឹកទឹកតាមសេចក្តីត្រូវការ ឈ្មោះថាបានសិរីសួស្តី ជ្រះចង្រៃ ឧបទ្រពទាំងពួង។

ពិធីសីវៈរាត្រី

ឯកំពង់សំរាប់ងូតទឹកនោះ តាមដែលគេសន្មត់ទុកនោះមានបីអន្លើគឺៈ កំពង់ព្រះព្រហ្ម១ កំពង់ព្រះវិស្ណុ១ កំពង់ព្រះឥសូរ១។  ប្រជាជនអាចមុជកំពង់ណាក៏បាន តាមសេចក្តីត្រូវការរបស់ខ្លួន។  ត្រង់ជ្រោយស្រុកអល្លហបាទ មានកំពង់មួយសក្តិសិទ្ឋិជាងគេ ហៅថា “ប្រយាត”  គឺកំពង់ព្រះម៉ែគង្គា មានប្រជាជននិយមចុះងូតរាប់សែនលាននាក់។  សំរាប់ស្រុកភូមិដែលនៅឆ្ងាយពីទន្លេគង្គា បើអ្នកណាបានទៅងូតម្តងៗ តែងដងទឹកនោះផ្ញើញាតិមិត្ត អោយលុបលាងមុខមាត់ ស្រឡាបខ្លួនប្រាណ ហើយបរិកម្មថាៈ “ព្រះម៉ែគង្គា! ព្រះម៉ែគង្គា!”  សូម្បីនៅចំងាយ ៣០យោជន៍ ក៏គង់រួចចាកបាបដែលខ្លួនបានធ្វើមកបីជាតិហើយ។

ហេតុនេះហើយបានពួកឥណ្ឌាដែលមានសទ្ឋាជ្រះថ្លាខ្លាំង វេលារៀបស្លាប់ អោយបានទៅស្លាប់ ក្បែរទន្លេគង្គា ស្លាប់ហើយអោយគេដុតយកធាតុទៅគ្រវែង បាចសាចចោលក្នុងទន្លេគង្គា ឈ្មោះថាបានជ្រះបាបឥតសេសសល់។  សំរាប់ប្រទេសឆ្ងាយៗក្រៅពីប្រទេសឥណ្ឌា ពិធីសីវៈរាត្រីនេះ គេយកសីវលិង្គទៅតំកល់ទុក ក្នុងប្រាសាទ ឬទីគោរពបូជាណាមួយ ហើយដាំសសរ៤ ជុំវិញសីវលិង្គ រួចយកខ្សែចងខ្វែងសសរទាំងនោះ ទើបយកក្អម ឬឆ្នាំងនោះទំលុះហើយយកមកព្យួរនឹងខ្សែនោះ ហើយចាក់ទឹកក្នុងក្អមឬឆ្នាំងនោះ អោយស្រក់ទឹកចុះមកសីវលិង្គនោះ ដើម្បីអោយហូរទៅតាមបល្ល័ង្កយោនីនាងឧមា ដរាបអស់រាត្រីកាល ដល់វេលាទាបភ្លឺ គេនាំគ្នាដណ្តាំបាយដោយទឹកដោះ ទឹកឃ្មុំ ស្ករ និងគ្រឿងទេសផ្សេងៗ ដែលចាត់ទុកថា ជាបណីតាហារ នាំគ្នាបរិភោគ ហើយទៅងួតទឹកទន្លេ ឬព្រែកជំនួសទន្លេគង្គា រួចហើយយកទឹកសីវលិង្គស្រោចស្រពខ្លួនប្រាណថែមទៀត កិច្ចប៉ុណ្ណោះថា កិច្ចសីវរាត្រី។

ពិធីសីវៈរាត្រី

ពិធីនេះគេធ្វើក្នុងមួយឆ្នាំតែម្តង ហើយបានតែក្នុងរាត្រីខែភ្លឺ ទើបហៅថាពិធីសីវរាត្រី។  ក្នុងកិច្ចចុះទៅងូតទឹកលាងបាប ចំពោះស្រ្តីវិញ ត្រូវអោយស្វាមមី ឬកូនប្រុស ដឹកដៃចុះទៅក្នុង ទន្លេ បើគ្មានកូនប្រុស ឬក៏ស្វាមីស្លាប់ ត្រូវកាន់កន្ទុយកូនគោឈ្មោលចុះក្នុងទន្លេ ឬស្ទឹង។

រីឯនៅប្រទេសខ្មែរយើងវិញ សម័យអង្គរដោយសារឥទ្ឋិពលសាសនាព្រាហ្មណ៍ គេបានកំណត់យកស្ទឹងសៀមរាបសន្មតជាទន្លេគង្គា ដែលមានប្រភពចេញពីស្ទឹងលិង្គ១០០០ នៅលើភ្នំគូលែន។  ទឹកស្ទឹងនេះហូរកាត់សីវលិង្គជាច្រើន និងស្ថាណាទ្រោនីនាងឧមា ព្រះវិស្ណុ និងព្រះនាងលក្ស្មីផ្ទុំលើនាគអនន្ត ដែលគេឆ្លាក់នៅបាតស្ទឹង អាចអោយមនុស្សចុះងូត ឬផឹកតាមចំណង់ចំណូលចិត្ត គ្រប់ពេលវេលា ដើម្បីលាងបាបសុំសិរីសួស្តី ជ្រះចង្រៃគ្រប់ បែបយ៉ាង និងជាឱសថព្យាបាលរោគថែមទៀតផង។

ពិធីសីវរាត្រីរបស់ខ្មែរសម័យអង្គរ គេតែងធ្វើនៅលើភ្នំគូលែន ដោយយកស្ទឹងលិង្គ ១០០០ តំណាងទន្លេគង្គាមានកំពង់ចំនួន៣គឺៈ ត្រង់លិង្គ១០០០របស់ព្រះសីវៈ គេហៅថា “កំពង់ព្រះសីវៈ”  សំរាប់ព្រះមាតាបីតា ឬព្រះអយ្យកោអយ្យកា របស់ព្រះមហាក្សត្រងូតជំរះបាប។ ត្រង់ល្បាក់ទឹកធ្លាក់ក្រោមរូបព្រះវិស្ណុផ្ទុំលើ នាគអនន្ត គេហៅថា “កំពង់ព្រះវិស្ណុ”  សំរាប់ព្រះមហាក្សត្ររៀបចំធ្វើរោងមណ្ឌលហោមពិធីសីវរាត្រី និងសំរាប់ព្រះមហាក្សត្រ ព្រះញាតិវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ និងពពួកអស់អ្នកនាងងូតជំរះបាប។ ត្រង់ល្បាក់ ទឹកខាងក្រោមគេហៅថា “កំពង់ព្រះព្រហ្ម ឬកំពង់ព្រះម៉ែគង្គា”  សំរាប់ប្រជាជនគ្រប់ស្រទាប់ចុះងូតជំរះបាប។

ពិធីសីវរាត្រីនេះជាប់ជាប្រពៃណីក្នុងរឿង “ព្រះនាងតដាតកា និងព្រះសីវអវតារសាវុន្ថារា”  ត្រង់វគ្គព្រះមាតានាងតដាតកា នាមព្រះនាងកញ្ជនាទេវី ចុះងូតទឹកលាងបាប ក្លាយខ្លួនជាទេពធីតា ឡើងទៅកាន់ឋានសួគ៍ទាំងរស់។

ពិធីសីវៈរាត្រី

ដកស្រង់ពីសៀវភៅមគ្គុទ្ទេសក៍ទេសចរតំបន់ភ្នំពេញ និងសៀមរាបអង្គរ ឆ្នាំ២០០១ សាស្រ្តចារ្យ លោក ចាន់ ភក្តី។

Facebook Comments